Monday, February 11, 2013

កាព្យឆ្លើយឆ្លង (៤)


លោកគ្រូ‌មិនណយខ្ចាយពាក្យពេចន៍            រង់ចាំជានិច្ចជាមិត្តភឿន
រំលែកចែកគ្នាសង្គមយើង                              អោយបានរុងរឿងដូចគេឯង។

ខ្ញុំរៀនបានតិចឈ្លេចផ្សែផ្សំ                           ខុសឆ្គងម្តេចម្តុំលើសលស់លែង
ធ្វើម្តេចតែងឃ្លោងរនងខែង                           បើសិនវាស់វែងតែងមានខុស។

ជួយកែជួយប្រាប់ប្រញាប់ថា                          ខុសក្បួនតម្រាយ៉ាងណានោះ
ជាមិត្តនឹងគ្នាគួរសោមនស្ស                           កុនកែកំហុសដាក់អោយចំ។


អានចប់ឃ្លោងឃ្លាសែនពិរោះ                        ឆ្លងកាព្យសម្រស់ជក់អារម្មណ៍
នឹកភ្នកចង់តឱ្យរណ្ដុំ                                       តែទាស់រូបខ្ញុំមកក្រោយគេ។

ម្យ៉ាងទៀតដង្ហើមខ្ញុំនៅខ្លី                                ចង់ក្លាយកវីមិនកើតទេ
សូមតាមជើងមុនបានឬទេ                             ជើងក្រោយអន់វេរមិនទាន់ត្រង់។


ចេះពោលដាក់ខ្លួនណាស់ឆោមឆ្លៅ               អានកំណាព្យពៅអត្ថន័យខ្ញង់
មិនមែនបញ្ជោរថាដោយត្រង់                        ទោះប្អូនឬបងស្រេចទឹកដៃ។

បើចំណេះខ្ពស់យល់ដឹងជ្រៅ                         កាព្យល្អពេកកូវផ្សំនិស្ស័យ
ចូលចិត្តផ្តោះផ្តងបែបកវី                                 រណ្តំពេចន៍ស្តីចួនណែងណង។

No comments:

Post a Comment